ស្វែងយល់ថាមនុស្សមានសង្វារពីកំណើត មានអ្វីពិសេស?

ការ​ចាប់​កំណើត​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ គឺ​ជា​ហេតុ​ផល​មួយ​ត្រូវ​ទទួល​យក​នូវ​អ្វី​ដែល​បាន​កសាង​ពី​អតីតជាតិ​មក។ អ្នក​ខ្លះ​កើត​មក​សាច់​ស​ល្អ​រាង ខ្លះខ្មៅ ខ្លះខ្ពស់ ខ្លះទាប នោះ​ជា​ច្បាប់​ធម្មជាតិ។ ប៉ុន្តែ​ការ​ចាប់​កំណើត​មក​ព្រម​ដោយ​សំណុំសង្វារ​មក​ជាមួយ​ដែរ​នោះ​គឺ​ន័យ​ ថា​បុគ្គល​នោះ​មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ដទៃ​បន្តិច​ដែរ។

តើ​សំណុំសង្វារ​គឺ​ជាអ្វី? មាន​អ្វី​ខ្លះ​ទៅ?

អ្នក​ប្រហែល​ជា​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ពាក្យ​សំណុំ​សង្វារ​នេះ​ជាក់​ជា​ មិន​ខាន ព្រោះ​ហេតុ​ថា​អ្នក​ធ្លាប់​តែ​ឮពាក្យ​ថា​សង្វារ (សង្វារក្បាលពោះ ឬសង្វារដៃជើងប៉ុណ្ណោះ)។ សំណុំ​សង្វារ​នេះ​គឺ​ជា​ស្រោម ឬ​ស្រទាប់​ស្បែក​ដែល​រុំស្រោប ឬ​ពាក់​លើ​ខ្លួន​ទារក​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទៃ​របស់​ម្ដាយ។ តាម​ភូមិស្រុកនិគម​នីមួយៗ​គេ​និយម​ហៅ​សំណុំ​សង្វារ​នេះ​ប្លែកៗ​គ្នា មាន​ខ្លះ​សំណុំ​សង្វារ​ស្រោប និង​មាន​ខ្លះ​ទៀត​សំណុំ​សង្វារ​ពាក់ឆៀង។

ជំនឿ សាសនា ប្រពៃណី និង​ទំនៀម​ទំលាប់ បាន​ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​បង្កើត និង​ធ្វើ​នូវ​រឿង​ដែល​ប្លែកៗ និង​ហួស​និស្ស័យ​នៃ​ការ​គិត ដូច​ដែរ​រឿង​សំណុំ​សង្វារ​នេះ​ឯង។ កាល​ដែល​បុគ្គល​មួយ​រូប​កើត​មក​ដោយ​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​សំណុំ​សង្វារ​ ដូច​នេះ ជា​ទូទៅ​ចាស់ៗ​តែងតែ​ធ្វើ​ការ​គន់គូរ​មើល​ឫកពាលា មើល​អត្តៈ​របស់​បុគ្គល​នោះ​ថា​តើ​គេ​ជា​មនុស្ស​ល្អ ឬ​មិន​ល្អ។ ករណី​មិន​ល្អ​គេ​នឹង​ធ្វើ​ការ​បោះ​ចោល ឬកប់​នូវ​សំណុំ​សង្វារ​ទាំង​នោះ​ចោល​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​គេ​គន់គូរ​អត្តៈ​មើល​ទៅ​ឃើញ​ថា​នឹង​ក្លាយ​ជា​បុគ្គល ​ល្អ​មួយ​រូប​ទៅ​វិញ​នោះ គេ​នឹង​ធ្វើ​ពិធី​ដើម្បី​បំពេញ​អានុភាព​ទៅ​ឲ្យ​បុគ្គល​រូប​នោះ​តែម្ដង។

តើ​ត្រូវ​ធ្វើ​ពិធី​ដូច​ម្ដេច​ដើម្បី​ឲ្យ​សំណុំ​សង្វារ​មាន​អានុភាព​ខ្លាំង​ខ្លា?

បន្ទាប់​ពី​ទទួល​បាន​ការ​ទស្សន៍ទាយ​ឃើញ​ថា​ជា​បុគ្គល​ល្អ​រួច​មក ចាស់​ព្រឹទ្ធាចារ្យ ឬ​ចាស់​ទុំ​ដែល​ចេះ​បាលី​ដាស់​នូវ​ឫទ្ធី​អំណាច​របស់​សំណុំសង្វារ​នោះ​ឲ្យ​ កាន់​តែ​មាន​កំលាំង និងអានុភាព​ខ្លាំង​ខ្លា រួច​យក​ទៅ​អាំង​ទុក​រហូត​ដល់​ទារក​នោះ​ធំ ដែល​អាច​ញ៉ាំ​ជា​មួយ​នឹង​បបរ​បាន។ អ្នក​ជា​ម្ដាយ ឬឪពុក​ចាប់​ផ្ដើម​បញ្ចុក​កូន​នោះ​រហូត​ដល់​អស់។ (បើ​ទោះ​ជា​មិន​បាន​ដាស់​បាលី​មន្ត ក៏​គង់​នឹង​មាន​អានុភាព​ដែរ)

តើ​អានុភាព​ដ៏​ខ្លាំង​ខ្លា​របស់​សំណុំសង្វារ​នេះ​មាន​អ្វី​ខ្លះ?

ពិតណាស់ សំណុំសង្វារ​មាន​អានុភាព​ពិត​ប្រាកដ​មែន ហើយ​មាន​សណ្ឋាន​ផ្សេងៗ​គ្នា​ទៅ​ទៀត​ទៅ​តាម​ការ​ដាស់​នូវ​បាលីមន្ត។ ដែល​ជា​ទូទៅ​វា​មាន​អានុភាព​ជួយ​ឲ្យ​បុគ្គល​រូប​នោះ​មាន​កំលាំង​លើស​មនុស្ស​ ធម្មតា ដៃជើងមាំមួន រហ័សរហួន ធន់​នឹង​កំដៅ ស្បែងគង់ និង​ស្វាហាប់។ មនុស្ស​បែប​នេះ​ស្ទើរ​តែ​ជា​ប្រភេទ​មនុស្ស​កាប់​មិន​មុត ដុត​មិន​ឆេះ​ទៅ​ហើយ។ ប្រសិន​ជា​បាន​បន្ថែម​នូវ​មន្ត​បាលី​ស្នេហ៍​ទៅ​ទៀត​នោះ​មនុស្ស​បែប​នេះ​គឺ​ ទាក់ទាញ​បំផុត។